នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ឆែម គាតរិទ្ធី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានទទួលជួបសំណេះសំណាល សម្តែងគារវកិច្ច និងផ្តល់អនុសាសន៍ណែនាំដល់ក្រុមនិស្សិតជ័យលាភីកម្ពុជា ចំនួន ៣១ រូប (ស្រី ១៨ រូប) ដែលទទួលបានអាហារូបករណ៍រដ្ឋាភិបាលអូស្រ្តាលីសម្រាប់ឆ្នាំសិក្សា២០២៤។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឆែម គាតរិទ្ធី បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ឯកឧត្តម វង្ស៊ី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងបានអបអរសាទរ និងផ្តល់អនុសាសន៍ ព្រមទាំងបទពិសោធន៍មួយចំនួនពាក់ព័ន្ធនឹងរបៀបរបបនៃការសិក្សា ការរស់នៅក្រៅប្រទេស ការត្រៀមលក្ខណៈឱ្យបានល្អ ខិតខំប្រឹងប្រែងដុះខាត់ចាប់យកចំណេះ និងជំនាញ ប្រកាន់ខ្ជាប់មនសិការជាតិ ដល់និស្សិតជ័យលាភីទាំងនោះ។
ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានគូសរំលេចបន្ថែមទៀតថា និស្សិតអាហារូបករណ៍រដ្ឋាភិបាលអូស្រ្តាលីសម្រាប់ឆ្នាំ ២០២៤ គឺជាទូតសុឆន្ទៈដែលតំណាងឱ្យកម្ពុជា ជាប្រតិបត្តិករមួយនៃការទូតវប្បធម៌សម្រាប់កម្ពុជា ដើម្បីផ្សព្វផ្សាយកម្ពុជាទៅកាន់ពិភពលោក។
ជាចុងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជូនពរឱ្យនិស្សិតទាំងអស់ទទួលបានជោគជ័យក្នុងការបន្តសិក្សា និងមានសង្ឃឹមជឿជាក់ថា ការសិក្សារបស់ក្រុមនិស្សិត ពិតជាទទួលបានជោគជ័យ ដើម្បីយកចំណេះវិជ្ជាវិលត្រឡប់មកបម្រើការងារនៅមាតុប្រទេសវិញ។
ECOSOCC