នៅថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដមសាស្រ្តាចារ្យ ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានអញ្ជើញធ្វើបាឋាកថា លើប្រធានបទស្តីអំពី “ក្រមសីលធម៌វិជ្ជាជីវៈ និងសុចរិតភាពក្នុងការប្រតិបត្តិជំនាញវេជ្ជសាស្ត្រ” សម្រាប់និស្សិតមហាវិទ្យាល័យវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល(ស.វ.ស) ជិត៣០០នាក់ ។
ឯកឧត្ដមសាស្រ្តាចារ្យ ឆែម គាតរិទ្ធី បានលើកឡើងពីសារ:សំខាន់នៃក្រមសីលធម៌របស់គ្រូពេទ្យ កិច្ចទំនាក់ទំនងរវាងគ្រូពេទ្យ និងអ្នកជម្ងឺ ឥរិយាបទរបស់គ្រូពេទ្យក្នុងការបំពេញតួនាទីក្នុងសង្គមប្រកបដោយការទទួលខុសត្រូវ។
ឯកឧត្ដមសាស្រ្តាចារ្យ បានបញ្ជ្រាបបន្ថែមអំពីសីលធម៌ក្នុងនាមជាពលរដ្ឋផ្សារភ្ជាប់នឹងការបំពេញកាតព្វកិច្ចក្នុងនាមជាគ្រូពេទ្យ ការរក្សាការសំងាត់ក្នុងពេលប្រតិបត្តិតួនាទី អមជាមួយនឹងការលើកឡើងពីឧទាហរណ៍ជាក់ស្តែងនៃបទពិសោធន៍ដែលឯកឧត្តមសាស្រ្តាចារ្យផ្ទាល់បានជួបប្រទះ។
ក្នុងឱកាសនោះផងដែរ ឯកឧត្ដមសាស្រ្តាចារ្យបានផ្តល់ការអនុញ្ញាតអោយនិស្សិតវេជ្ជសាស្រ្តលើកឡើងនូវសំណួរផ្សេងៗទាក់ទងនឹងប្រធានបទដើម្បីឯកឧត្ដមសាស្រ្តាចារ្យបានស្រាយចម្ងល់ និងផ្តល់អនុសាសន៍គន្លឹះដ៍មានតម្លៃ ជូននិស្សិតទាំងអស់ស្វែងយល់បន្ថែម៕
ECOSOCC