នៅព្រឹកថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២០ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដា ចំនួន៣,៤៥៨នាក់ ដែលធ្វើឡើង នៅមជ្ឈមណ្ឌលកោះពេជ្រ។ និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ រួមមានកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលបានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា២០១៨-២០១៩ ដែលក្នុងនោះក៏មាននិនិស្សិតបរិញ្ញាបត្រផ្នែកអាហារូបករណ៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៣០នាក់ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងអបអរសារដល់និស្សិតជ័យលាភីទាំងអស់ និងបានថ្លែងលអំណរគុណចំពោះមាតាបិតា និងអាណាព្យាបាល ដែលបានផ្តល់ឱកាសអោយកូនចៅបានសិក្សារៀនសូត្ររហូតទទួលបានជោគជ័យនាពេលនេះ។ ទន្ទឹមនឹងនោះ សម្តេចតេជោ នាយករដ្ឋមន្ត្រីក៏បានកោតសរសើរផងដែរ ចំពោះថ្នាក់ដឹកនាំនៃវិទ្យាស្ថានវ៉ាន់ដា ដែលបានខិតខំបណ្តុះបណ្តាលនិស្សិតតាំងពីមានចំនួនតិចតួចរហូតដល់មាននិស្សិតសិក្សារាប់ម៉ឺននាក់ ជាពិសេសនិស្សិតជាស្រ្តី ដែលទទួលបានការសិក្សានៅ វិទ្យាស្ថានវ៉ាន់ដានេះយ៉ាងច្រើន ដែលនេះជាការរួមចំណែកដ៏សំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងលើកម្ពស់ស្រ្តីនៅក្នុងប្រទេសកម្ពុជា។
នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ពីស្ថានភាពនៃជំងឺកូវីដ-១៩ ដែលថ្មីៗនេះបានកើតមកលើពលរដ្ឋខ្មែរម្នាក់នៅខេត្តសៀមរាប។ ជាមួយគ្នានោះ សម្តេចតេជោបានប្រាប់ឲ្យក្រសួងសុខាភិបាលកម្ពុជា ត្រូវបន្តយកចិត្តទុកដាក់ពីស្ថានភាពជំងឺកូវីដ-១៩នេះ ត្រូវពង្រឹងសេវាសុខាភិបាលចំពោះប្រជាពលរដ្ឋអោយបានដិតដល់ ជាពិសេសរាល់ពេលដែលមានការទូរស័ព្ទទាក់ទងចូល ដើម្បីសួរនាំពីជម្ងឺកូវីដ១៩នេះ ត្រូវតែផ្តល់ព័ត៌មានអោយបានជាក់លាក់ជូនអ្នកជំងឺ ឲ្យទាន់ពេលវេលា មិនត្រូវរុញចុះ រុញឡើងនោះទេ។
សម្តេចតេជោនាយករដ្ឋមន្ត្រីនៅតែបន្តអំពាវនាវ កុំអោយប្រជាពលរដ្ឋមានការភ័យខ្លាចហួសហេតុពេកនោះទេពីជំងឺកូវីដ-១៩នេះ តែផ្ទុយទៅវិញប្រជាពលរដ្ឋទាំងអស់ត្រូវតែបង្កើនការយកចិត្តទុកដាក់ ថែរក្សាសុខភាពខ្លួនឯង ក្រុមគ្រួសារអោយបានល្អ ជាពិសេសអនុវត្តតាមការណែនាំរបស់ក្រសួងសុខា
ភិបាល។ ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងថា បើសិនជាប្រជាពលរដ្ឋខ្មែរខ្លាចគ្រោះថ្នាក់ចរាចរ ដូចខ្លាចជម្ងឺកូវីដ-១៩ នាពេលនេះនោះ ប្រាកដជាកម្ពុជាយើងអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរបានច្រើនជាក់ជាមិនខាន។
សម្តេចតេជោបានមានប្រសាសន៍ថា នៅពេលដែលជំងឺកូវីដ-១៩នេះ បានឆ្លងមកដល់ពលរដ្ឋកម្ពុជាភ្លាមនៅឯខេត្តសៀមរាបនោះ សម្តេចតេជោបានដាក់ចេញនូវសេនាឌីយោទី២ភ្លាម គឺសម្តេចបានប្រកាសបិទសាលារៀនទាំងអស់នៅទីរួមខេត្តសៀមរាប(ក្រុងសៀមរាប)ដែលក្នុងនោះមានសាលារៀនប្រមាណ ១១០សាលារៀន ត្រូវបិទទ្វាជាបណ្តោះអាសន្ន និងការសម្រេចបិទព្រឹត្តិតិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២០ ផងដែរ។ ទន្ទឹមនឹងនោះ សម្តេចតេជោបញ្ជាក់ថា ការសម្រេចបិទសាលាបណ្តោះអាសន្ននេះ គឺយើងបានគិតគូរ និងយកចិត្តទុកដាក់ជាសំខាន់ទៅលើសុខភាពកុមារ ដែលពួកគេអាចប្រឈមខ្ពស់ ពីព្រោះពួកគេមានការពិបាកក្នុងការការពារពីជំងឺនេះ។ ជាមួយគ្នានោះ សម្តេចតេជោ បានមានប្រសាសន៍បន្តថា ក្នុងស្ថានភាពបែបនេះ យើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺនេះទាំងអស់គ្នា យើងត្រូវប្រែក្លាយវិបត្តិនៃជំងឺនេះ ឲ្យទៅជាកាលានុវត្តភាព ដូចជាពីមិនសូវយកចិត្តទុកដាក់ពីបញ្ហាសុខភាព ប្រែមកជាការប្រកាន់ជាប់នូវអនាម័យជាប្រចាំដើម្បីសុខភាពកាន់តែល្អប្រសើរ។
ជាថ្មីម្តងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នៅពេលនេះ យើងមាននាវាចំនួន០៧គ្រឿង ដើម្បីដឹកវត្ថុធាតុដើមមកប្រើប្រាស់ក្នុងរោងចក្រនៅកម្ពុជា ដើម្បីអោយបងប្អូនកម្មករកម្មការិនីបានបន្តការពារនៅក្នុងរោងចក្របន្តទៀត។ យើងត្រូវប្រែក្លាយការប្រឈមផ្នែកសេដ្ឋកិច្ច អោយទៅជាកាលានុវត្តភាព នៃសេដ្ឋកិច្ចរបស់ប្រទេសយើងអោយល្អប្រសើរជាពេលខាងមុខ។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកច្រកម្ពុជា បានជូនពរដល់និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ សូមទទួលបានជោគជ័យថ្មីៗជាបន្តបន្ទាប់ រួមទាំង ការសិក្សា និងការងារថ្មីៗជាច្រើនទៀត។ បន្ទាប់មក សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដានៅក្នុងបរិយាកាសរីករាយ និងស្និទ្ឋស្នាលបំផុត៕
Government