សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងសារគន្លឹះសំខាន់ៗក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោជិត ចំនួន ១៨ ១៩០ នាក់ មកពីរោងចក្រ-សហគ្រាសចំនួន ២៩ នៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្នុងនាមជានាយករដ្ឋមន្ត្រី និងជាអ្នកនយោបាយ គឺត្រូវទទួលបន្ទុកធ្វើគោលនយោបាយ រៀបចំផែនការ ចាត់តាំងអនុវត្ត តាមដាន ត្រួតពិនិត្យការអនុវត្ត និងធ្វើការវាយតម្លៃ ដើម្បីធានាដល់ប្រសិទ្ធផលសម្រាប់ជាតិ និងប្រជាជន។ ដូចនេះ ទើបរាជរដ្ឋាភិបាលកម្ពុជា តែងយកគោលការណ៍ជាក់ស្តែងនិយម សម្រាប់យកទៅអនុវត្ត និងធ្វើសកម្មភាពដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។ ក្នុងន័យនេះ នាយករដ្ឋមន្ត្រី ចាំបាច់ត្រូវខិតខំរៀបចំ គិតគូរផែនការ គោលនយោបាយ ហើយពន្យល់ និងបកស្រាយដល់ប្រជាពលរដ្ឋឱ្យបានដឹង និងបានយល់ជ្រាបច្បាស់ថា អ្វីដែលជាគុណប្រយោជន៍ដែលនឹងត្រូវទទួលបានពីការដឹកនាំរបស់រាជរដ្ឋាភិបាល។
ប្រជាពលរដ្ឋ បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺមិនខុសនោះទេ ពីព្រោះគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា បាននិងកំពុងក្លាយជាប្រទីបនាំផ្លូវ ដោយប្រែក្លាយជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជា។
សូមបងប្អូនទាំងអស់ចាប់យកឱកាសនេះ ដើម្បីជួយដល់ខ្លួនឯង អភិវឌ្ឍខ្លួន និងខិតខំដើម្បីការរីកចម្រើនទៅមុខ តាមរយៈការពង្រឹងសមត្ថភាព ពង្រឹងជីវភាពរស់នៅ។ រាជរដ្ឋាភិបាល មានតួនាទីជាអ្នកបង្ហាញទីកន្លែងដែលមានបឹង និងបង្រៀនប្រជាពលរដ្ឋឱ្យចេះស្ទួចត្រី ហើយក៏នឹងផ្តល់ត្រីជូនដល់ប្រជាពលរដ្ឋដែលមានការលំបាក ងាយរងហានិភ័យ និងមានតម្រូវការអាទិភាព ដើម្បីអាចរស់នៅបានល្អ និងមានលទ្ធភាពតស៊ូជម្នះការលំបាក។ កត្តាសំខាន់៣ ដែលរាជរដ្ឋាភិបាលប្រកាន់ខ្ជាប់ គឺ៖ ១. ការធានាបរិស្ថានសុខសន្តិភាព ការលើកទឹកចិត្តដល់ការវិនិយោគ និងប្រកបធុរកិច្ចគ្រប់ប្រភេទ ២. ការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និង៣. ធនធានមនុស្ស៖ សុខភាព និងចំណេះដឹង។
គោលដៅនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នឹងផ្តោតសំខាន់លើគោលការណ៍ “ឱ្យចប់ ឱ្យចេះ និងឱ្យមានការងារ” ដែលត្រូវនឹងជំនាញ ដើម្បីធានាដល់ការងារ និងការលើកស្ទួយជីវភាព ឱ្យមានភាពម្ចាស់ការលើជោគវាសនាខ្លួនឯងផង និងព្រមទាំងជួយជ្រោមជ្រែងដល់ក្រុមគ្រួសារផងដែរ។ ជាមួយគ្នានេះ ក្រុមហ៊ុន ក៏អាចទទួលបាននូវបុគ្គលិកប្រកបដោយសមត្ថភាពពិតប្រាកដ ហើយអាចបំពេញការងារស្របតាមជំនាញ និងតម្រូវការ។
ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់អាណត្តិនេះ គឺជាគោលការណ៍ផ្តោតលើយុវជនជាង ១ លាន ៥ សែននាក់ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដោយត្រូវ៖
ទី១. ការរៀបចំការចុះឈ្មោះ ដែលត្រូវធ្វើឱ្យងាយស្រួលទាំងផ្ទាល់ និងអនឡាញ
ទី២. ការចូលរៀនមិនបង់ប្រាក់ ហើយអ្នកមានប័ណ្ណក្រីក្រ នឹងមានប្រាក់ឧបត្ថម្ភប្រចាំខែ
ទី៣. ការរៀបចំកម្មវិធីសិក្សា ត្រូវមានភាពបត់បែន ទៅតាមលទ្ធភាពអ្នករៀន និងអ្នកធ្វើការ និង
ទី៤. ការបណ្តុះបណ្តាលចំពោះមុខ គឺផ្តោតលើ ១០ វិស័យ និង ៣៨ មុខជំនាញ។
ដូចនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវធានាឱ្យបានលើការបណ្តុះបណ្តាល៖
ទី១. ខ្លឹមសារនៃការបណ្តុះបណ្តាលឱ្យចំតម្រូវការមូលដ្ឋាន
ទី២. ទ្រឹស្តីត្រូវបូកជាមួយនឹងការអនុវត្ត ដោយយកការអនុវត្តឱ្យច្រើន
ទី៣. ជំរុញសិក្ខាកាមឱ្យទទួលបានការហាត់ការឱ្យបានច្រើន
ទី៤. ជួយផ្តល់នូវការលើកទឹកចិត្ត និងការបង្កលក្ខណៈផ្សេងៗ
ទី៥. រៀបចំវគ្គបណ្តុះបណ្តាលដែលមានភាពបត់បែន និងសមស្របទៅនឹងពេលវេលាធ្វើការស្នូលរបស់សិក្ខាកាម និង
ទី៦. ត្រូវជំរុញការអនុវត្តការបណ្តុះបណ្តាលកូនជាងឱ្យសមស្របទៅតាមវិជ្ជាជីវៈ៕
STPM