នៅវិមានសន្តិភាពព្រឹកថ្ងៃអង្គារ ១៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់ Amed Dalmook Al Maktoum សមជិករាជវង្ស ឌូបៃ សហព័ន្ធអារ៉ាប់រួម។
ក្នុងជំនួបនោះ ព្រះអង្គម្ចាស់ Amed Dalmook Al Maktoum បានគោរពជម្រាបជូន សម្តេចតេជោថា ព្រះអង្គ មានបំណងចង់ចូលរួម ក្នុងការអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ដោយចាប់ផ្ដើមទំនាក់ទំនង និងការដាក់ទុនវិនិយោគនៅកម្ពុជា។ ព្រះអង្គម្ចាស់ បានបង្ហាញចំណាប់អារម្មណ៍ការវិនិយោគលើប្រព័ន្ធប្រេង ឧស្ម័ន លើពាណិជ្ជកម្ម និង ហិរញ្ញវត្ថុ។
ព្រះអង្គម្ចាស់ បានជម្រាបសម្តេចតេជោថា នឹងផ្តល់ជូនឥណទានកម្ចី (Credit line) ចំនួន 500 លានដុល្លារអាមេរិក សម្រាប់ប្រើប្រាស់ក្នុងការនាំទំនិញចូលពីសហព័ន្ធ អារ៉ាប់រួម ហើយនឹងសិក្សាលទ្ធផលផ្សេងៗទៀត ដើម្បីធ្វើការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះដែរ ព្រះអង្គម្ចាស់ Amed Dalmook Al Maktoum ក៏បានឆ្លៀតគោរពអញ្ជើញសម្តេចតេជោនាយករដ្ឋមន្ត្រី ទៅធ្វើទស្សនកិច្ចនៅសហព័ន្ធអារ៉ាប់រួមផងដែរនាពេលខាងមុខ ។
ជាការឆ្លើយតប សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណព្រះអង្គម្ចាស់ និងប្រជាជន ក៏ដូចជា សហព័ន្ធអារ៉ាប់រួម ដែលបានជួយដល់ព្រះរាជាណាចក្រកម្ពុជាយើង ជាពិសេស សម្រាប់អភិវឌ្ឍធនធានមនុស្សផង ការកសាងមជ្ឈមណ្ឌលកុមារកំព្រា និងជួយដល់កុមារកំព្រាផង។ ពាក់ព័ន្ធនឹងការវិនិយោគលើវិស័យឧស្ម័ន សម្តេចតេជោ នាយករដ្ឋមន្ត្រី បានស្វាគមន៍ និងមានប្រសាសន៍ផងដែរថា ក្នុងករណីដែលបាន វិនិយោគក្នុងវិស័យឧស្ម័ននេះ គឺជួយកាត់បន្ថយក្នុងការកាប់ឈើធ្វើអុសដុតផង ហើយក៏ជួយក្នុងការ គ្រប់គ្រងធនធានធម្មជាតិផងដែរ ។
សម្ដេចក៏ថ្លែងអំណរគុណចំពោះព្រះអម្ចាស់ផងដែរ ចំពោះការផ្ដល់ឥណទានកម្ចី (Credit line) ចំនួន 500 លានដុល្លារ សម្រាប់នាំទំនិញចូលពីសហព័ន្ធអារ៉ាប់រួម ហើយក៏បានថ្លែងអំណរគុណផងដែរ ចំពោះការអញ្ជើញសម្ដេចទៅទស្សនកិច្ចនៅអារ៉ាប់រួម ដោយសម្ដេចបញ្ជាក់ថា នឹងពិនិត្យមើលពេលវេលាដ៏សមស្របមួយនឹងទៅធ្វើទស្សនកិច្ចនៅទីនោះ។ ដោយឡែកពាក់ព័ន្ធ ឥណទានកម្ចី (Credit line) 500 លានដុល្លារនោះ សម្ដេចតេជោ បានណែនាំឲ្យពិភាក្សាជាមួយស្ថាប័ន ពាក់ព័ន្ធផ្សេងៗទៀត ដើម្បីរកចំណុចណាមួយ ក្នុងការចាប់ផ្ដើមប្រើប្រាស់ថវិកានេះ ៕
Press OCM