AKP ភ្នំពេញ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ -ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឬទ័យ ស្ដេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធីប្រទានភ្លើងជ័យ ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ខួបលើកទី៦៥ (ថ្ងៃ០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០១៨) ដែលត្រូវបានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ រៀបចំប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក នៅបរិវេណវិមានឯករាជ្យ នាព្រឹកថ្ងៃសុក្រ ២កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
យាង និងអញ្ជើញចូលរួមក្នុងទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិនេះដែរ មានព្រះរាជវត្តមាន សម្ដេចព្រះអគ្គមហាសង្ឃរាជទាំងពីរគណៈ និងវត្តមាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំង ឯកឧត្ដម លោកជំទាវ ជាសមាជិកសមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត និងតំណាងស្ថានទូតនានាប្រចាំនៅកម្ពុជា ព្រះរាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្ត្រី អ្នកមុខអ្នកការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័ន និងប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករ។ នៅក្នុងពិធីនោះដែរ បន្ទាប់ពីពិធីគោរព ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបាន សព្វព្រះរាជហឫទ័យស្ដេចយាងប្រទានកម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ព្រមទាំងយាងប្រទាន ភ្លើងជ័យ ដែលដង្ហែអមព្រះរាជដំណើរដោយសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ សម្ដេចអគ្គ មហាពញាចក្រី ហេង សំរិន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចក្រឡាហោម ស ខេង ដែលមានព្រះរាជវត្តមាន សម្ដេចព្រះមហាសង្ឃរាជ សម្ដេចព្រះសង្ឃនាយក សម្ដេច ព្រះសង្ឃ និងព្រះរាជាគណៈ ៩អង្គ ស្វាធ្យាយជយន្តោ ផងដែរ។ បន្ទាប់ពីពិធីបង្ហោះប៉េងប៉ោង និងលែងព្រាបជានិមិត្តរូបនៃសន្តិភាព ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គបានសព្វ ព្រះរាជហឬទ័យ ស្ដេចយាងសំណេះសំណាលសាកសួរសុខទុក្ខ ថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកមុខអ្នកការ អង្គទូត និងកងកម្លាំងប្រដាប់អាវុធ កាយរឹទ្ធិកម្ពុជា យុវជនកាកបាទក្រហម កម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងសិស្ស និស្សិត លោកគ្រូ អ្នកគ្រូ ដែលបាន ចូលរួមក្នុងទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ នៅជុំវិញវិមានឯករាជ្យ។
គួររំលឹកថា ទិវាបុណ្យឯករាជ្យជាតិ ថ្ងៃ ៩ វិច្ឆិកា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសដល់ព្រះរាជបូជនីយកិច្ច របស់អតីតព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុព្រះបរមរតនកោដ្ឋ ដែលព្រះអង្គ បានលះបង់ព្រះកាយពល និង ព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ដើម្បីតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យ ពីអាណានិគមបារាំង។ តាមប្រវត្តិសាស្ត្រ បារាំងបានដាក់អាណានិគម គ្រប់គ្រងលើប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៨៦៣ រហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ទើបប្រទេសបារាំង ប្រកាសប្រគល់ឯករាជ្យពេញលេញដល់កម្ពុជាវិញ។
គួរបញ្ជាក់ដែរថា តាមកម្មវិធីដែលបានគ្រោងទុក នៅរាត្រីថ្ងៃដដែលនេះដែរ ក៏មានរៀបចំពិធីអុចកាំជ្រួចនៅខាងមុខព្រះបរមរាជវាំង និងការប្រគំតន្ត្រី ការសម្ដែងសិល្បៈជូនប្រជារាស្ត្រទស្សនា កម្សាន្តសប្បាយនៅតាមទីធ្លាសាធារណៈ។ ជាមួយគ្នានេះដែរ ព្រះរាជពិធីពន្លត់ ភ្លើងជ័យនឹងប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង៕
Press OCM