AKP ភ្នំពេញ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ -ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជឱង្ការថា ខួបលើកទី៦៥នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ បានប្រព្រឹត្តទៅក្នុងដំណាក់កាលដែលព្រះរាជាណាចក្រកម្ពុជាមានស្ថិរភាពនយោបាយ និងសន្តិសុខជាតិត្រូវបានធានាពេញលេញ និងស្របពេលដែលរាជរដ្ឋាភិបាលអាណត្តិទី៦ នៃរដ្ឋសភា កំពុងតែចាប់ផ្ដើមបំពេញភារកិច្ចដ៏ឧត្ដុង្គឧត្ដមតាមភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម។ក្នុងខណៈដែលស្ដេចយាង ជាព្រះរាជអធិតីភាពដ៏ខ្ពង់ខ្ពស់ក្នុងមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ដែលប្រារព្ធធ្វើនាព្រឹកថ្ងៃសុក្រ ២កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅខាងមុខព្រះបរមរាជវាំង ដែលមានការអញ្ជើញចូលរួមរបស់ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសមាជិកសមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូតនៃបណ្ដាប្រទេសជាមិត្ត ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជាង២ម៉ឺននាក់នោះ ព្រះករុណា ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា “ខ្ញុំមាន ហឬទ័យរីករាយអបអរសាទរយ៉ាងជ្រាលជ្រៅបំផុត ដែលបានចូលរួមប្រារព្ធពីធីដ៏មហោឡារិក ដើម្បីរម្លឹកខួបអនុស្សាវរីយ៍លើកទី៦៥ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃ កងយោធពលខេមរភូមិន្ទ ដែលជាទិវាប្រវត្តិសាស្ត្រមានតម្លៃបំផុត នៃមាតុភូមិកម្ពុជាយើង ដែលបានទទួលនូវឯករាជ្យបរិបូណ៌ និងសិទ្ធិសេរីភាពដ៏ពិសិដ្ឋ ពីអាណានិគមនិយមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្ដុងឧត្ដមរបស់ព្រះមហាវីរក្សត្រ ព្រះនរោត្ដម សីហនុ ព្រះវររាជ បិតាឯករាជ្យជាតិ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត”។
ព្រះអង្គបានរំម្លឹកថា នៅក្នុងឆ្នាំ១៩៥២ ចលនាព្រះរាជបូជនីយកិច្ចដើម្បីឯករាជ្យពេញទីនៃកម្ពុជាត្រូបានបង្កើតឡើង ប្រជារាស្ត្រ កម្ពុជាគ្រប់ភូមិឋាន បានចូលរួមក្នុងចលនាជីវពលនារីក្លាហាន ហើយបានមករួមរស់ជាមួយ នឹងព្រះករុណាព្រះមហាវីរក្សត្រ ព្រះនរោត្ដម សីហនុ ព្រះវររាជបិតាជាតិខ្មែរ ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងតំបន់រំដោះខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបាត់ដំបង។ នៅពេលនោះដោយឃើញថាខ្លួនអាចជួបប្រទះនូវគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជា និងនៅប្រទេសវៀតណាមខាងជើងផងនោះ បារាំងក៏បានយល់ព្រមធ្វើការជាមួយនឹងខ្មែរ ដើម្បីផ្ទេរ ថ្វាយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាយើង នូវអំណាច និងសមត្ថកិច្ចលើវិស័យណា ដែលខ្លួនមិនទាន់បានផ្ទេរមកជូនកម្ពុជាឯករាជ្យនូវឡើយ។
ទន្ទឹមនេះ ឥស្សរជន និងជំនាញការសំខាន់ៗបារាំង និងខ្មែរបានខិតខំធ្វើការដ៏ត្រឹមត្រូវ នៅរាជធានីភ្នំពេញ រហូតដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ទើបបានលទ្ធផលដែលជាទីពេញចិត្តនៃភាគីខ្មែរ។ ជាមួយគ្នានេះ សម្រាប់ ថ្ងៃនោះលោកអគ្គមេបញ្ជាការ សេនាធិការ ព្រមទាំងកងទ័ពបារាំង ជើងគោក ជើងអាកាស ជើងទឹក និងសហភាពបារាំង បានថ្វាយបង្គំលាព្រះករុណាព្រះមហាវីរក្សត្រ ព្រះនរោត្ដម សីហនុ ព្រះវររាជបិតាជាតិខ្មែរទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ហើយចាកចេញជាដាច់ខាត ដោយមិនវិលត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញឡើយ។ ដូច្នេះចាប់ពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ព្រះរាជាណាចក្រកម្ពុជាយើងមានឋានៈស្មើ នឹងសាធារណរដ្ឋបារាំង គឺមានឋានៈជារដ្ឋឯករាជ្យពេញបរិបូរណ៍។ ព្រះករុណា ព្រះមហាក្សត្របានមានព្រះរាជឱង្ការទៀតថា រយៈពេលកន្លងមកនេះ មាតុភូមិកម្ពុជា និងប្រជាពលរដ្ឋយើងមានការប្រែប្រួលមុខមាត់ថ្មីគួរឱ្យកោតសរសើរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជាប្រមុខដឹកនាំរាជរដ្ឋាភិបាលដ៏ឆ្លាតវៃ បានដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវ បាននាំមកនូវសុខសន្តិភាព សាមគ្គីភាព ឯកភាពជាតិ និងកិត្យានុភាពជាតិល្បីរន្ទឺលើឆាកអន្តរជាតិ។
លើសពីនេះទៀតយើងកំពុងតែសប្បាយរីករាយ និងទទួលផលជាវិជ្ជមាន ដែលផ្ដើមចេញពីកម្លាំងកសាង និងការពារជាតិមាតុភូមិ ប្រកបដោយសុខដុមរមនា របស់ជនរួមជាតិយើង។ ព្រះអង្គ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន រួមគ្នាសាមគ្គីជាធ្លុងមួយ ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីចូលរួមចំណែកការពារ និងកសាងមាតុភូមិលើគ្រប់វិស័យ។ ព្រះអង្គបានបន្ថែមថា “មាតុភូមិ និងប្រជាជនកម្ពុជាយើង ពិតជាបានទទួលនូវអនាគតភ្លឺស្វាង ក្នុងក្ដីសង្ឃឹមខ្ពស់រស់ នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ដែលធានាបាននូវឯកភាពជាតិដ៏រឹងមាំ”៕
ដោយ ជឹម ណារី
Press OCM