បន្ទាប់មកនៅរសៀលថ្ងៃទី១៥ វិច្ឆិកា ដដែលនោះដែរ ប្រមុខរដ្ឋ / ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានយាង និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៣ (កិច្ចប្រជុំពេញអង្គ)។ កិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះ មេដឹកនាំទាំងអស់ បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើសកម្មភាពនានាបន្ទាប់ពីកិច្ចប្រជុំមួយទៅកាន់កិច្ចប្រជុំមួយ។
ដូចគ្នានិងបណ្តាមេដឹកនាំ នៃប្រទេសអាស៊ីបូព៌ា ដែរនោះសម្តេចតេជោ នាយករដ្ឋមន្រ្តីបានចូលរួមចែករំលែក នូវទស្សនៈមួយចំនួន ទាក់ទងនឹងការពិនិត្យឡើងវិញ ក៏ដូចជាទិសដៅនៃកិច្ចសហប្រតិបត្តិការ នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ក្នុងបរិបទនៃភាពមិនប្រាកដប្រជាខ្ពស់ ក្នុងតំបន់ និងសកលលោក ដូចខាងក្រោម៖ ទី១ កម្ពុជាសូមចូលរួមជាមួយបណ្ដាប្រទេសនៃកិច្ចប្រជុំអាស៊ីបូព៌ាស្ថាគមន៍ និងវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពជាវិជ្ជមាន នៃកិច្ចសហប្រតិបត្តិការរបស់យើង ជាពិសេសការអនុម័តនូវ ផែនការសកម្មភាពទីក្រុងម៉ានីល ដោយពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពថ្មីចំនួន៣ បន្ថែមទៀត ដើម្បីបន្ដជំរុញការអនុវត្ត សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញស្ដីពីគំនិត ផ្ដួចផ្ដើមអភិវឌ្ឍ នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ២០១៨-២០២២។ ការណ៍នេះបានឆ្លុះបញ្ជាំងយ៉ាងប្រច័ក្សនូវភាពរឹងមាំ នៃដំណើរការ និងគុណតម្លៃនៃវេទិកាកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ក្នុងការធានាឱ្យបាននូវយន្តការមួយដែលមានប្រសិទ្ធិភាពខ្ពស់ ដើម្បីវិបុលភាព សម្រាប់តំបន់របស់យើង។ ទី២ សង្គ្រាមពាណិជ្ជកម្ម ដែលកំពុងកើតឡើង បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិយាកាសវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ចសាកល ជាពិសេសបង្កើតជាហានិភ័យខ្ពស់រារាំងនូវការសម្រេចឱ្យបាន គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ របស់ប្រទេសកំពុងអភិវឌ្ឍ។ ក្នុងបរិការណ៍នេះ ប្រទេសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា គួរលើកកម្ពស់ការទទួលខុសត្រូវ របស់ខ្លួនតាមរយៈការពង្រឹងនូវយន្ដការកិច្ចសហប្រតិបត្តិការមួយ ប្រកបដោយស្មារតីបើកចំហរ សុឆន្ទៈ និងការប្ដេជ្ញាខ្ពស់ ក្នុងការឆ្លើយតបដោះស្រាយបញ្ហាប្រឈមសកលនេះ ដើម្បីរក្សាបរិយាកាសវិនិយោគ ក៏ដូចជាបង្កើនការទុកចិត្ត ក្នុងវិស័យពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងឧស្សាហកម្មផងដែរ។ ក្នុងន័យនេះ កម្ពុជាគាំទ្រយ៉ាងពេញ ទំហ្នឹងនូវគោលនយោបាយសាកលភាវូបនីយកម្ម និងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី។ ទី៣ បច្ចុប្បន្នបណ្ដាប្រទេសទាំងក្នុងតំបន់អាស៊ីបូព៌ា និងសកលលោក នៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីអំពើភេរវកម្ម និងអំពើហិង្សាជ្រុលនិយម។ កម្ពុជាសូមស្វាគមន៍និងជំរុញអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាព ប្រឆាំងនឹងអំពើហឹង្សាជ្រុលនិយម។ កម្ពុជាសូមស្វាគមន៍ និងជំរុញអនុវត្តវិធានការប្រកបដោយប្រសិទ្ធប្រឆាំង នឹងអំពើភេរវកម្ម ស្របតាមសេចក្ដីថ្លែងការណ៍ស្ដីពីការប្រយុទ្ធប្រឆាំង នឹងការគំរាមកំហែង នៃការត្រឡប់មកវិញ នៃពួកភេរវករយុទ្ធជនបរទេស តាមរយៈការបង្កើនសម្ថភាពមន្រ្តី ដែលអនុវត្តច្បាប់ប្រយុទ្ធប្រឆាំងនឹងភេរវកម្ម កិច្ចសហប្រតិបត្តិការជាមួយអង្គការពាក់ព័ន្ធក្នុងតំបន់ និងអន្តរជាតិ ក៏ដូចជាការផ្លាស់ប្តូរព័ត៌មាន និងការចែករំលែកព័ត៌មានចារកម្ម។ ទី៤. ជារួមតំបន់អាស៊ីបូព៌ាបន្តជាចំណុចស្នូលនៃនិម្មាបនកម្មតំបន់ ក្នុងការលើកស្ទួយសន្តិភាព ស្ថិរភាព និងវិបុលភាពសេដ្ឋកិច្ច របស់អាស៊ី ក៏ដូចជាសកលលោកទាំងមូល។ ក្នុងន័យនេះ ក្រោមខណ្ឌ នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា យើងត្រូវតែជំរុញកិច្ច សហប្រតិបត្តិការគ្នាឲ្យកាន់តែជិតស្និទ្ធ ក្នុងស្មារតីបើកចំហរ និងភាតរភាព ប្រកបដោយតម្លាភាព និងភាពទទួលខុសត្រូវខ្ពស់ដើម្បីពង្រឹងទំនុក ចិត្តជាយុទ្ធសាស្រ្ត ក្នុងការដោះស្រាយបញ្ហាប្រឈមរួមសម្រាប់កសាងសហគមន៍អាស៊ីបូព៌ា។ កម្ពុជាតែងតែស្វាគមន៍គំនិតផ្តួចផ្តើមទាំងឡាយណា ដែលផ្តល់នូវផលប្រយោជន៍ដល់ការតភ្ជាប់តំបន់ និងពង្រឹងសាមគ្គីភាព ព្រមទាំងមានលក្ខណៈបើកចំហរ បរិយាប័ន្ន និងបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក។ ក្នុងន័យនេះ កម្ពុជាសូមស្វាគមន៍គំនិតផ្តួចផ្តើម ឥណ្ឌូ-ប៉ាស៊ីហ្វីក ដោយយល់ថា គំនិតផ្តួចផ្តើមនេះ អាចនិងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្នុងតំបន់និងពិភពលោក។ ទី៦ ចំពោះបញ្ហាសមុទ្រចិនខាងត្បូង កម្ពុជាសូមគាំទ្រការអនុវត្តឲ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព នូវសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC) និងដំណើរការតាក់តែង (COC) ដែលជាដំណើរការវែងឆ្ងាយមួយ។ កម្ពុជាបានរៀបចំប្រកបដោយភាពជោគជ័យ នូវកិច្ចប្រជុំកំពូលលើកទី២៥ នៃក្រុមការងាររួម ស្តីពីការអនុវត្តសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC) និងសិក្ខាសាលាអាស៊ានចិន ស្តីពីការអនុវត្តសេចក្តីថ្លែងការណ៍ DOC និងវឌ្ឍនភាពឆ្ពោះទៅរក COC កាលពីខែកញ្ញា ឆ្នាំ២០១៨ នៅខេត្តសៀមរាប។ កម្ពុជាក៏សូមសំដែងនូវការគាំទ្រ និងជំរុញការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងអាស៊ានចិន ក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការជាក់ ស្តែងក្នុងលំហរសមុទ្រ វិធានការប្រមូលផលជាមុន និងការកសាងទំនុកចិត្ត ដែលនិងរួមចំណែកជាវិជ្ជមានឆ្ពោះទៅរកការចរចាបញ្ចប់ COC ឲ្យបានជោគជ័យ។ ទី៧ចំពោះបញ្ហាឧបទ្វីបកូរ៉េ កម្ពុជាសូមស្វាគមន៍នូវជំនួបកំពូលអន្តរកូរ៉េ និងជំនួបកំពូលសហរដ្ឋអាមេរិក សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ជាពិសេសការអនុវត្តសេចក្តីថ្លែងការណ៍រួម នៃជំនួបកំពូលសហរដ្ឋអាមេរិក សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងសេចក្តីថ្លែងការណ៍ប៉ានមូយ៉ូម ព្រមទាំងសេចក្តីថ្លែងការណ៍រួមទីក្រុងព្យុងយ៉ាង ដែលបានត្រួសត្រាយផ្លូវសម្រាប់ការសន្ទនា និងជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការលុបបំបាត់ អាវុធនុយក្លែអ៊ែរ កសាងសន្តិភាពអចិន្រៃ្តយ៍ និងវិបុលភាពរួម នៅឧបទ្វីបកូរ៉េ។ កម្ពុជាជឿជាក់ លើកការអនុវត្តអភិក្រមបដិការ និងកិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ ដើម្បីជំរុញការជឿជាក់ និងទំនុកចិត្តគ្នាទៅវិញទៅមក និងសូមជំរុញប្រទេសនានា បន្តលើកទឹកចិត្តឲ្យប្រទេសកូរ៉េទាំងពីរ អនុវត្តដំណើរឆ្ពោះទៅរកការស្រុះស្រួល កាត់បន្ថយភាពតានតឹងក្នុងតំបន់ និងមិនគួររារាំង ដំណើរការនេះ។
នៅក្នុងកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នោះ មេដឹកនាំនៃប្រទេសអាស៊ីបូព៌ា បានឯកភាពគ្នាក្នុងការឈានទៅចេញសេចក្តីប្រកាសរបស់ ប្រទេសកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៣។ សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ស្តីពីការប្រយុទ្ធប្រឆាំង នឹងកាកសំណល់ប្លាស្ទីក នៅក្នុងលំហសមុទ្រ។ សេចក្តីប្រកាសរបស់ថ្នាក់ ដឹកនាំអាស៊ីបូព៌ា ស្តីពីទីក្រុងឆ្លាតអាស៊ាន។ សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ីបូព៌ា ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការខាងសន្តិសុខផ្នែកបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង និងសេដ្ឋកិច្ចឌីជីថល។ សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ីបូព៌ា ស្តីពីសន្តិសុខនុយក្លែអ៊ែរ។ សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ីបូព៌ា ស្តីពីការប្រយុទ្ធប្រឆាំងនឹងការគម្រាមកំហែងរបស់ភេរវករបរទេស និងជននិវត្តន៍ពាក់ព័ន្ធ។
Press OCM