បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយលេខាធិការប្រតិបត្តិ នៃអង្គការអ្នកនិយមកណ្ដាលអន្តរជាតិរួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបន្តជួបពិភាក្សាការងារជាមួយលោក ចាន់ សាម៉ន ចាន់ញ៉ាឡាត រដ្ឋមន្ត្រីការពារប្រទេសឡាវ ជាបន្តទៀត។
ក្នុងជំនួបនោះ លោក ចាន់ សាម៉ន ចាន់ញ៉ាឡាត បានគោរពពាំនាំនូវការសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំឡាវ ចំពោះសម្ដេចតេជោ ហើយក៏បានវាយតម្លៃខ្ពស់ចំពោះដំណើរការវិវត្តន៍ និងការអភិវឌ្ឍរបស់កម្ពុជា។ លោកបានមានប្រសាសន៍ថា កម្ពុជាគឺជាប្រទេសមួយដែលមានភាពស្រស់ស្អាត ហើយក៏មានការរីកចម្រើនអភិវឌ្ឍន៍យ៉ាងលឿនយ៉ាងឆាប់រហ័សផងដែរ ។ លើសពីនេះទៅទៀតលោកក៏បានគោរពជម្រាបជូនពីជំនួបលោកផ្ទាល់ជាមួយនឹងសម្ដេចពិជ័យសេនា ទៀ បាញ់ ទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិប្រទេសឡាវ និងក្រសួងការពារជាតិកម្ពុជា ដែលសង្កត់ធ្ងន់ទៅលើការហ្វឹកហាត់ និងការផ្លាស់ប្តូរទស្សនកិច្ចរវាងគ្នានិងគ្នា និងការផ្លាស់ប្តូរព័ត៌មានរវាងគ្នាទៅវិញទៅមក។ លើសពីនេះទៅទៀតលោកក៏បានគោរពនូវការអបអរសាទរចំពោះខួបនៃការបញ្ចប់សង្គ្រាមរបស់ប្រទេសកម្ពុជា និងការដាក់សម្ភោធវិមានឈ្នះឈ្នះនៅថ្ងៃស្អែកនេះ។
ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសន្ទនារវាងលោក ចាន់ សាម៉ន ចាន់ញ៉ាឡាត និងសម្ដេចពិជ័យសេនា ទៀ បាញ់ ហើយក៏បានស្នើសុំឲ្យជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ព រវាងប្រជាជន និងប្រជាជនព្រោះថានេះគឺជាកត្តាសំខាន់ក្នុងការអភិវឌ្ឍសង្គម។ សម្តេចតេជោក៏បានជម្រាបលោករដ្ឋមន្ត្រីការពារប្រទេសឡាវផងដែរ អំពីដំណើរការនៃការបញ្ចប់សង្គ្រាម តាមរយៈការដាក់ចេញនូវនយោបាយឈ្នះឈ្នះនេះ ក៏ដូចជាការចុះចូលនៃអតីតមេដឹកនាំខ្មែរក្រហមនៅផ្ទះរបស់សម្ដេច។ សម្ដេចបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជាខួបនៃការបញ្ចប់សង្គ្រាម ដែលធ្វើឲ្យប្រទេសជាតិទទួលបានការបង្រួបបង្រួមជាតិ មានសុខសន្តិភាព និងមានការអភិវឌ្ឍន៍រីកចំរើនរហូតដល់សព្វថ្ងៃនេះ៕
Press OCM