នៅល្ងាចថ្ងៃទី ២០ ខែ មករា នេះ បន្ទាប់ពីបានអញ្ជើញមកដល់ទីក្រុងប៉េកាំង ប្រទេសចិន សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខកូនក្មួយនិស្សិតចំនួន ៤៦៨នាក់ ដែលកំពុងសិក្សានៅក្នុងប្រទេសចិន។
ក្មួយៗនិស្សិតមានសេចក្តីសប្បាយរីករាយក្រៃលែង ដែលមានឱកាសបានជួប សម្តេចតេជោ ប្រមុខដឹកនាំ ដោយផ្ទាល់ ដែលជានិច្ចជាកាលលោកតែងតែឆ្លៀតយកពេលវេលាដោយមិនគិតពីការនឿយហត់ ដើម្បីជួបជុំសួរសុខទុក្ខកូនក្មួយជានិស្សិតដែលកំពុងសិក្សានៅក្នុងប្រទេសចិន។
សម្តេចតេជោ បានមានប្រសាសន៍ថា នេះជាទស្សនកិច្ចផ្លូវការលើកទី ៦ ហើយដែល សម្តេច បានអញ្ជើញមកកាន់ប្រទេសចិន ដោយមិនរាប់បញ្ចូលទស្សនកិច្ចការងារជាង ១១ លើកមុនទៀត។ តាមរយៈទស្សនកិច្ចទាំងនេះ គឺបានរិតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរអោយកាន់តែរឹងមាំខ្ពស់ឡើងថែមទៀត។
នៅក្នុងទស្សនកិច្ចផ្លូវកានៅពេលនេះគឺ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងខិតខំជំរុញនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាពិសេស វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ និងទេសចរណ៍។ នៅក្នុងឆ្នាំ ២០១៧ យើងទទួលបានទេសចរចិនប្រមាណ ១.២ លាននាក់ ហើយនៅឆ្នាំ ២០១៨ កន្លងទៅនេះ ទេសចរចិនបានកើនឡើងដល់ ១.៩លាននាក់។ កាលពីឆ្នាំមុន សម្តេចតេជោ គ្រោងចង់បានទេសចរចិនប្រមាណ ០.០១% តែចាប់ពីឆ្នាំ ២០១៩ នេះ គឺកម្ពុជាចង់បានទេសចរចិនយ៉ាងហោចណាស់ ០.០៥% នៃចំនួនប្រជាជនចិន ១,៣០០ លាននាក់។
ជាមួយគ្នានេះដែរ គឺកម្ពុជាត្រូវខិតខំបើក ពង្រីក និងពង្រឹងទីផ្សារអោយបានច្រើនថែមទៀតក្រៅពីទីផ្សាអាមេរិក និងអ៊ឺរ៉ុប ដើម្បីបញ្ចេញទំនិញ និងផលិតផលកសិកម្មកម្ពុជាចេញក្រៅ ដូចជានៅក្នុងប្រទេសចិន, អាហ្វ្រិក, មឈ្ឈឹមបូព៌ា និងកូរ៉េជាដើម។ សព្វថ្ងៃនេះ ទំហំពាណិជ្ជកម្មកម្ពុជានិងចិនក៏បានកើនឡើងដល់ ៥,៦០០លានដុល្លារហើយ។ មិត្តចិនគឺវិនិយោគធំជាងគេនៅកម្ពុជា ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ឋផ្លូវថ្នល់ ស្ពាន ស្ពានអាកាស និងវារីអគ្គីសនី ជាដើម។
ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានពន្យល់អំពីស្ថានការណ៍ពិភពលោកដល់និស្សិតអោយបានយល់ដឹង ហើយ សម្តេច បានមានប្រសាសន៍ថា ទោះបីស្ថានភាពពិភពលោកមានការប្រែប្រួលឬមិនច្បាស់លាស់ទៅផ្លូវណា គឺកម្ពុជាមិនអោយពលរដ្ឋខ្លួនដាច់បាយឡើយ។ សម្តេចនឹងបន្តខិតខំដើម្បីពង្រឹងសេដ្ឋកិច្ចប្រទេសជាតិអោយបានរឹងមាំ។
សម្តេចតេជោនាយករដ្ឋមន្រ្តី សប្បាយរីករាយនិងមានមោទនៈភាព ដែលបានឃើញកូនក្មួយនិស្សិតមានឱកាសបានមកសិក្សានៅប្រទេសចិន ដែលជាប្រទេសមហាអំណាចមួយដែរ។ សម្តេចបានលើកទឹកចិត្តអោយក្មួយៗនិស្សិតយកចិត្តទុកដាក់ក្នុងការសិក្សារួមទាំងភាសាអង់គ្លេស និងភាសាចិន ហើយរស់នៅគោរពច្បាប់ប្រទេសចិន រក្សាសន្តិសុខសណ្តាប់ធ្នាប់អោយបានល្អ ចេះស្រឡាញ់រាប់អានគ្នា និងចេះជួយយកអាសារគ្នាទាំងតាមរយៈដោយផ្ទាល់ខ្លួន និងតាមរយៈសមាគម ឬតាមរយៈសាលា និងតាមរយៈកុងស៊ុល និងស្ថានទូតជាដើម។ ទន្ទឹមនឹងនេះដែរ គឺត្រូវខិតខំយកពេលវេលាសិក្សារៀនសូត្របង្កើនចំណេះដឹង និងសមត្ថភាពអោយកាន់តែមានប្រយោជន៍ដល់ខ្លួន។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានផ្តល់កិត្តិយសថតរូបជាអនុស្សាវរីយ៍ និងបានឧបត្ថម្ភដល់ការសិក្សារបស់ក្មួយៗនិស្សិតក្នុងម្នាក់ៗទទួលបាន ៣០០ ដុល្លារ ព្រមទាំងឧបត្ថម្ភដល់សមាគមនិស្សិតនៅប្រទេចិន ៩០,០០០ (ថវិកាសម្តេច ៣ម៉ឺន, សភាពាណិជ្ជកម្ម ៥ម៉ឺន, និងមន្រ្តីរដ្ឋាភិបាល ១ម៉ឺន) ។ សម្តេចតេជោ បានជូនពរដល់កូនក្មួយនិស្សិតទាំងអស់ទទួលបានជោគជ័យក្នុងការសិក្សា។ តាមការគ្រោងទុក គឺសម្តេចតេជោនឹងអញ្ជើញមកប្រទេសចិនម្តងទៀតនៅថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៩ ខាងមុខនេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំសំខាន់ៗមួយចំនួនដែលផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជាយើង៕
Press OCM